Sunday, February 22, 2015

អគ្គ​នាយក​អន្តោ​ប្រវេសន៍​សម្រេច​មិន​បន្ត​ទិដ្ឋាការ​ដល់​លោក អាឡិច

លោក ប្រែត អាដាម ប្រធាន​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស Human Rights Watch។ រូបថត AFP



ភ្នំពេញៈ អគ្គ​នាយក​អន្តោ​ប្រវេសន៍​នៃ​ក្រសួង​មហាផ្ទៃ សម្រេច​មិន​បន្ត​សុពលភាព​នៃ​ទិដ្ឋាការ​ពន្យារ​ការ​ស្នាក់​នៅ​កម្ពុជា​ជូន​ សកម្មជន​ការពារ​ព្រៃឈើ​ជន​បរទេស​លោក អាឡិច ឡើយ​បន្ទាប់​ពី​ទិដ្ឋាការ​របស់​លោក​ត្រូវ​ផុត​កំណត់​ត្រឹម​ថ្ងៃ ទី២០ កុម្ភៈ ឆ្នាំ​២០១៥ នេះ បើ​ទោះ​បី​ជា​មាន​ការ​គាំទ្រ​របស់​ក្រុម​អង្គការ​សង្គម​ស៊ីវិល គណបក្ស​ប្រឆាំង​ស្នើ​ព្រះ​រាជ​អន្តរាគមន៍​ពី​ព្រះ​មហាក្សត្រ​យ៉ាង​ណា​ក៏​ ដោយ។
យោង​តាម​លិខិត​របស់​អគ្គ​នាយក​អន្តោ​ប្រវេសន៍​នៃ​ក្រសួង​មហាផ្ទៃ ចុះ​ថ្ងៃ​ទី២០ ខែ​កុម្ភៈ ដែល​បាន​ចុះ​ហត្ថលេខា​ដោយ​លោក​ឧត្តម​សេនីយ៍ឯក កែវ វណ្ណថន បាន​ឲ្យ​ដឹង​ថា សុពលភាព​នៃ​ទិដ្ឋាការ​ពន្យារ​ការ​ស្នាក់​នៅ​កម្ពុជា​របស់​លោក អាឡិច (Alejandro Gonzalez Davidson) ដែល​មាន​សុពលភាព​ចាប់​ពី​ថ្ងៃ ទី១២ ខែ​សីហា ឆ្នាំ​២០១៤ ត្រូវ​ផុត​កំណត់​នៅ​ថ្ងៃ ទី២០ ខែ​កុម្ភៈ ឆ្នាំ​២០១៥ ហើយ​សមត្ថកិច្ច​កម្ពុជា​មិន​បាន​ពន្យារ​ការ​ស្នាក់នៅ​របស់​លោក អាឡិច បន្ត​ទៀត​ឡើយ។
នៅ​ក្នុង​លិខិត​ឲ្យ​ដឹង​ទៀត​ថា៖ «អាស្រ័យ​ដូច​បាន​ជម្រាប​ជូន​ខាង​លើ​នេះ អគ្គ​នាយកដ្ឋាន​អន្តោ​ប្រវេសន៍​សូម​ជូន​ដំណឹង និង​ស្នើ​លោក Alejandro Gonzalez Davidson ជ្រាប និង​អនុវត្ត​តាម​ការ​ជូន​ដំណឹង​នេះ»។
លោក នាយ​ឧត្តម​សេនីយ៍ ខៀវ សុភ័គ អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ ពុំ​អាច​ទាក់ទង​ដើម្បី​ធ្វើ​ការ​អត្ថាធិប្បាយ​បាន​ទេ ប៉ុន្តែ​លោក​បាន​ថ្លែង​នា​ពេល​កន្លង​ទៅ​ថា៖ «លោក អាឡិច ត្រូវ​បំពេញ​បែប​បទ​ដូច​ប្រជា​ពលរដ្ឋ​បរទេស​ទូទៅ​ដែល​អស់​ទិដ្ឋាការ ហើយ​គាត់​ត្រូវ​ចាក​ចេញ​ពី​កម្ពុជា​តាម​ច្បាប់​ដែល​បាន​កំណត់ ហើយ​គាត់​អាច​ទៅ​មួយ​រយៈ ពេល​ណា​គាត់​ចង់​ចូល​មក​វិញ គាត់​អាច​ដាក់​ពាក្យ​សុំ​ទិដ្ឋាការ​មក​កម្ពុជា​រយៈ​ពេល​វែង​ខ្លី»។
ស្ថាបនិក​ចលនា​មាតា​ធម្មជាតិ​លោក អាឡិច មាន​ប្រសាសន៍​ថា លោក​បាន​ទទួល​លិខិត​ជូន​ដំណឹង​របស់​អគ្គ​នាយក​អន្តោប្រវេសន៍​ហើយ ប៉ុន្តែ​យោង​តាម​អនុក្រឹត្យ​ដែល​និយាយ​ពី​ជន​បរទេស​គឺ​លោក​នៅ​មាន​ពេល​ច្រើន ​ទៀត​សម្រាប់​លោក​រស់​នៅ​ក្នុង​ប្រទេស​កម្ពុជា គឺ​មាន​រយៈ​ពេល ៣០ ថ្ងៃ ដោយ​លោក​ត្រូវ​បង់​ប្រាក់​ពិន័យ ៥ ដុល្លារ​ក្នុង​មួយ​ថ្ងៃ។
លោក​ថា៖ «បើ​ផុត ៣០ ថ្ងៃ មន្ត្រី​ក្រសួង​មហាផ្ទៃ​ចេញ​លិខិត​ស្នើ​សុំ​ឲ្យ​ខ្ញុំ​ចេញ​ពី​ប្រទេស​ កម្ពុជា ក្នុង​រយៈ​ពេល ៧ថ្ងៃ បើ​ផុត ៧ថ្ងៃ នោះ​បើ​ខ្ញុំ​នៅ​តែ​មិន​ចេញ​ទៀត ទើប​គេ​ចាប់​បង្ខំ​ខ្ញុំ​ឲ្យ​ចេញ​ពី​ប្រទេស​កម្ពុជា តែ​ខ្ញុំ​ខ្លាច​តែ​មន្ត្រី​នោះ​មិន​អនុវត្ត​តាម​ច្បាប់ គេ​ចង់​ចាប់​ខ្ញុំ​ចេញ​ពេល​ណា​ក៏​បាន តែ​ខ្ញុំ​ទោះ​បី​ផុត ៣៧ ថ្ងៃ​ក៏​នៅ​តែ​ប្រកាន់​ជំហរ​មិន​ចាក​ចេញ​គឺ ត្រូវ​រង់ចាំ​ការ​ឆ្លើយតប​ពី​ព្រះ​មហាក្សត្រ លោក​នាយក​រដ្ឋ​មន្ត្រី និង​ប្រធាន​រដ្ឋសភា។ ក្រសួង​ឈប់​គំរាម​ខ្ញុំ​តាម​ទំព័រ​កាសែត​ទៀត​ទៅ»។
សូម​រំឭក​ថា លោក កឹម សុខា អនុ​ប្រធាន ទី១ រដ្ឋសភា បាន​ស្នើ​ទៅ​ព្រះ​មហាក្សត្រ​កាលពី​ថ្ងៃ ទី​១៨ ខែ​កុម្ភៈ សុំ​ព្រះ​រាជ​អន្តរាគមន៍​ជួយ​ឲ្យ​ជនជាតិ​អេស្ប៉ាញ​រូប​នេះ បាន​បន្ត​រស់​នៅ​កម្ពុជា។ តែ​រហូត​ដល់​ថ្ងៃ​នេះ​លោក អ៊ំ ដារ៉ាវុធ មន្ត្រី​ខុទ្ទកាល័យ​ព្រះ​មហាក្សត្រ​អះអាង​ថា លោក​មិន​ទាន់​បាន​ដឹង​ពី​សំណើ​របស់​លោក កឹម សុខា នៅ​ឡើយ​ទេ។
ចំណែក​ឯ​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ក្នុង​ស្រុក​ចំនួន ៨៣ ស្នើ​ឲ្យ​រដ្ឋាភិបាល​បន្ត​ទិដ្ឋាការ​ឲ្យ​លោក អាឡិច ជនជាតិ​អេស្ប៉ាញ ដែល​ជា​ស្ថាបនិក​ចលនា​មាតា​ធម្មជាតិ និង​ជា​សកម្មជន​ការពារ​បរិស្ថាន ដើម្បី​ឲ្យ​ជន​បរទេស​រូប​នេះ​បាន​ស្នាក់​នៅ​ក្នុង​ប្រទេស​កម្ពុជា​បន្ត​ទៀត ដើម្បី​ឲ្យ​ជន​បរទេស​រូប​នេះ​អាច​ចូល​រួម​សកម្មភាព​អភិរក្ស និង​ការពារ​ធនធាន​ធម្មជាតិ​នៅ​តំបន់​អារ៉ែង​បន្ត​ទៀត។
សូម​រំឭក​ផង​ដែរ​ថា តាំង​ពី ឆ្នាំ​១៩៩៣ មក រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​បណ្ដេញ​អ្នក​រាយការណ៍​ពិសេស​អង្គការ​សហ​ ប្រជាជាតិ​មួយ​ចំនួន​ចេញ​ពី​ប្រទេស​កម្ពុជា ដូចជា​លោក ថូម៉ាស ដែល​ជា​ជនជាតិ​ស៊ុយអែត លោក Michael Kirby ជា​ជនជាតិ​អូស្ត្រាលី លោក ភីធឺ ឡឺប្រេច លោក យ៉ាស់ហ៍ហ្កាយ ជនជាតិ​កេនយ៉ា លោក ប្រែត អាដាម អ្នក​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អង្គការ​សហ​ប្រជាជាតិ Human Right Watch និង​អង្គការ​ក្លូប៊ល​វីណេស និង​ជា​ចុង​ក្រោយ​នេះ​គឺ​លោក អេឡិចហ្សង់ដ្រូ ហ្គន់ហ្សាឡេស ដេវិតសឹន៕
all source from :

0 comments:

Post a Comment