ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបដកខ្លួនចេញពីសេចក្តីសម្រេចអំពាវឲ្យមានការស៊ើបអង្កេត
news from http://www.cambodiadailykhmer.com
កាលពីម្សិលមិញ លោក ហ្សង់ ហ្វ្រង់ស័្វរ កូតេន(Jean-Francois Cautain) បានដកខ្លួនចេញពីសេចក្តីសម្រេចរបស់សហភាពអឺរ៉ុប ដែលអំពាវនាវឲ្យមានការស៊ើបអង្កេតឯករាជ្យ មួយលើការបោះឆ្នោតជាតិដ៏ចម្រូងចម្រាសកាលពីខែកក្កដា និងការបាញ់សម្លាប់កម្មករធ្វើកូដកម្មកាលពីដើមខែនេះ។
កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន សភាអឺរ៉ុប បានអនុម័តសេចក្តីសម្រេច ដើម្បីជំរុញឲ្យរដ្ឋាភិបាលរបស់គណបក្សប្រជាជនកម្ពុជាទទួលយក “ការស៊ើបអង្កេតឯករាជ្យដែលមានជំនួយពីអន្តរជាតិ” ទៅលើការបោះឆ្នោត និងស៊ើបអង្កេតឲ្យបានហ្មត់ចត់ផងដែរទៅលើករណីបាញ់សម្លាប់កម្មករប្រាំនាក់ ធ្វើឡើងដោយកម្លាំងកងរាជអាវុធហត្ថកាលពីថ្ងៃទី៣ ខែមករា។
លោក កូតេន បានលើកឡើងថា សេចក្តីសម្រេចរបស់សហភាពអឺរ៉ុប ដែលជាម្ចាស់ ជំនួយតែមួយគត់ធំបំផុតរបស់កម្ពុជា មិនមានលទ្ធផលចេញពីការណែនាំរបស់គណៈប្រតិភូសហភាពអឺរ៉ុប សម្រាប់ប្រទេសកម្ពុជាទេ។
លោក កូតេន បានលើកឡើងក្នុងអ៊ីមែលមួយថា “សភាអឺរ៉ុបគឺជាស្ថាប័នសហភាពអឺរ៉ុបឯករាជ្យមួយ ហើយវាមិនមែនជាកិច្ចការ ឬកិច្ចប្រតិបត្តិរបស់គណៈប្រតិភូសហភាពអឺរ៉ុប ក្នុងការណែនាំសមាជិកសភាអឺរ៉ុបទេ”។លោកបានមានប្រសាសន៍ថា “ព័ត៌មានទាក់ទងនឹងស្ថានភាពនៅកម្ពុជា ស្ថិតក្នុងដែនសាធារណៈ និងត្រូវបានរាយការណ៍ទូទៅនៅក្នុងតំបន់អឺរ៉ុប។ ព្រឹត្តិការណ៍ក្នុងប្រទេសកម្ពុជា ទាំងវិជ្ជមាន ទាំងអវិជ្ជមាន កើតឡើងជាទូទៅទៅហើយ ជាហេតុនាំឲ្យមានការចាប់អារម្មណ៍ពីសំណាក់សាធារណជន និងអ្នកនយោបាយអឺរ៉ុប”។
ទាក់ទងទៅនឹងរឿងដែលថា តើគណៈប្រតិភូអឺរ៉ុបនឹងទាក់ទងរដ្ឋាភិបាលរបស់ លោក ហ៊ុន សែន ជាផ្លូវការ ដើម្បីប្រាប់រដ្ឋាភិបាលនេះឲ្យដឹងអំពីសេចក្តីសម្រេចរបស់សហភាពអឺរ៉ុបឬយ៉ាងណានោះ លោក កូតេន បានលើកឡើងថា ប្រតិភូនេះតែងតែភ្ជាប់ទំនាក់ទំនងតួនាទីរបស់សហភាពអឺរ៉ុបជាមួយអាជ្ញាធរ ដូចជាទៅលើការបោះឆ្នោតដ៏ចម្រូងចម្រាស និងការប្រើអំពើហិង្សាកាលពីថ្មីៗនេះជាដើម។
លោកបានថ្លែងថា “ ប្រតិភូសហភាពអឺរ៉ុបបានអនុម័តក្តីព្រួយបារម្ភរបស់សភាអឺរ៉ុប ក្នុងកិច្ចពិភាក្សារវាងខ្លួនជាមួយសមាជិករបស់រាជរដ្ឋាភិបាលជាច្រើនលើក”។“សេចក្តីសម្រេចថ្មីរបស់សភាអឺរ៉ុប សង្កត់ធ្ងន់លើក្តីព្រួយបារម្ភខ្លាំងៗដែលមាននៅទូទាំងស្ថាប័នរបស់សហភាពអឺរ៉ុប និងចំណាប់អារម្មណ៍រួមរបស់យើង ក្នុងការពិនិត្យស្ថានភាពនៅក្នុងប្រទេសកម្ពុជា ដែលត្រូវបានអភិវឌ្ឍតាមមាគ៌ាប្រជាធិបតេយ្យជាបន្តបន្ទាប់មួយ”។
ឆ្លើយតបទៅនឹងសំណួរអំពីលទ្ធភាពដាក់ទណ្ឌកម្មទៅលើរដ្ឋាភិបាលរបស់គណបក្សប្រជាជនកម្ពុជា ប្រសិនបើសេចក្តីសម្រេចរបស់សហភាពអឺរ៉ុបកាលពីសប្តាហ៍មុន មិនត្រូវបានយកចិត្តទុកដាក់ លោក កូតេន ហាក់ដូចជាមិនចង់និយាយ ។
លោក កូតេន បានថ្លែងថា “ជម្រើសនយោបាយ និងគោលនយោបាយដែលអាចមានកំពុងត្រូវបានពិចារណាដោយយកចិត្តទុកដាក់ ឲ្យស្របតាមការអភិវឌ្ឍដែលកំពុងបន្ត និងផលប្រយោជន៍ធំបំផុតរបស់ប្រជាពលរដ្ឋកម្ពុជា”៕ប៊ុននី
0 comments:
Post a Comment